កំពង់ស្ពឺ= ទោះបីជាមានព័ត៌ក្នុងស្រុកជាច្រើនតែងតែធ្វើការចុះផ្សាយពីភាពមិនប្រក្រតីរបស់លោក ឈួន ហៃ យ៉ាងណា ក៏ដោយ គេសង្កេតឃើញថា លោក គុណ ញឹម អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ព្រមទាំងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មិនទាន់ឃើញមានចំណាត់ការក្តៅតាមបែប (វះកាត់) ឲ្យស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលឡើយ។លុះដល់ពេលថ្មីៗនេះ តាមប្រភពព័ត៌មកពីខេត្តកំពង់ស្ពឺ មួយចំនួនបានឲ្យដឹងបន្ថែមទៀតថា ដោយសារចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ ទើបលោក ឈួន ហៃ បានប្រើគ្រប់វិធីសាស្រ្តដើម្បីប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រភពដែលស្និទ្ធនឹងលោក ឈួន ហៃ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ រួចមកគឺលោក ឈួន ហៃ មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ នោះទេ។ ផ្ទុយទៅវិញកុងត្រូលជជុះនៅមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ ត្រូវបានបង្កើតឡើងដើម្បីគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញ ហើយទោះបីឈ្មួញដឹកជញ្ជូនទំនិញស្របច្បាប់បង់ពន្ធត្រឹមត្រូវក៏ជៀសមិនផុតពីបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីគយប្រចាំកុងត្រូលជជុះនោះទេ។ បញ្ហានេះជារឿងដែលលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងតទៅទៀតឡើយ ព្រោះកន្លងមកលោក ឱម យ៉ិនទៀង ធ្លាប់ប្ដេជ្ញាយ៉ាងច្បាស់លាស់ក្នុងការលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវប្រកបដោយប្រសិទ្ធភាព។ជាក់ស្ដែងមួយរយៈកន្លងទៅនេះលោក ឈួន ហៃ និងបក្ខពួកបង្កើតកុងត្រូលជជុះនៅខាងមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ តែម្ដងដើម្បីគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកំពង់ស្ពឺ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ខេត្តកំពង់ស្ពឺ ជាប្រភពចំណូលដ៏ធំរបស់លោក ឈួន ហៃ និងបក្ខពួក ព្រោះលោក ឈួន ហៃ មិនដែលបង្ក្រាបក្រុមឈ្មួញទាំងនោះទេ ដោយសារខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន។ជុំវិញរឿងរ៉ាងខាងលើ Friday Daily News យើងបានស្វែងរកលេខទូរស័ព្ទដើម្បីសុំការបំភ្លឺពីលោក ឈួន ហៃ ផងដែរ តែរកមិនបាននោះទេ ។ ដូច្នេះអង្គភាពយើងសង្ឃឹមថា និងមានការបកស្រាយពីលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពុងស្ពឺ ឆាប់ៗនេះ ៕
ចំនួនអ្នកទស្សនា