ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
លោក នឹម វ៉ាន់សំ ជម្រុញឲ្យពលរដ្ឋក្នុងខេត្តសៀមរាប ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
Fri,15 October 2021 (Time 01:22 PM)
ដោយ ៖ លោក ភិន វាសនា ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 75នាក់)


ខេត្តសៀមរាប ៖ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ស្នើសុំដល់គណបក្សនយោបាយ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយជំរុញដល់ប្រជាពលរដ្ឋដែលមិនទាន់មានឈ្មោះបោះឆ្នោត ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដោយចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស ហើយប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត និង មិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ដែលទើបគ្រប់អាយុ ១៨ឆ្នាំ ឬទើបបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតតាមប្រតិទិនរបស់ក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលខ្លួនត្រូវបោះឆ្នោត ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាន គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយជំរុញឱ្យ ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

លោកមានប្រសាសន៍បន្ថែមថា ក្នុងឱកាសនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ អញ្ជើញ ទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬអាចចូលពិនិត្យមើលតាមគេហទំព័ររបស់ គ.ជ.ប votorkstretgov.kh ឬកម្មវិធីទូរស័ព្ទដៃ(App) Voters KH ដើម្បីឱ្យប្រាកដថាខ្លួនយើងពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត ហើយក្នុងករណីឈ្មោះ ឬទិន្នន័យរបស់ខ្លួនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវទៅតាមឯកសារ សំអាងច្បាស់លាស់ ។

លោក នឹម វ៉ាន់សំ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ នៅទីស្នាក់ការលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាតំណាងក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត មន្ទីរ អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ តំណាងគណបក្សនយោបាយ និងសង្គមស៊ីវិល ។

លោក នឹម វ៉ាន់សំ មានប្រសាសន៍ទៀតថា កិច្ចប្រជុំស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោតនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ ដោយផ្អែកតាមសេចក្ដីណែនាំលេខ០៣៦ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធ្វើការជជែក និងពិភាក្សាគ្នា គឺក្នុងគោលបំណងធ្វើឲ្យដំណើរការនេះ បានប្រព្រឹត្តទៅដោយរលូន និង ទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ។

លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នេះ ប្រព្រឹត្តទៅ ល្អប្រកបដោយសន្តិសុខ សុវត្ថិភាព និងជៀសផុតពីជំងឺកូវីដ ១៩ សូមបងប្អូនប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ និងមន្ត្រី បោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលចូលរួមក្នុងដំណើរការនេះ យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕ ( ខ្ញុំបាទ ភិន វាសនា ភ្នាក់ងារ ប្រចាំ ខេត្តសៀមរាប)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
213 នាក់
ម្សិលមិញ :
1019 នាក់
សប្តាហ៍នេះ :
5545 នាក់
ខែនេះ :
24199 នាក់
3 ខែនេះ :
83721 នាក់
សរុប :
932436 នាក់