(វ៉ាស៊ីនតោន) ៖ បើតាមការ ចេញផ្សាយ របស់ សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ឯក បូរីស ក្រេមិននេតស្គី (Borys Kremenetsky) បានអះអាងថា កងទ័ព អ៊ុយក្រែន បានចាប់ខ្លួន កងទ័ព រុស្ស៊ី ប្រហែលជា ២០០នាក់ និងបាន អនុញ្ញាត ឱ្យពួក គេអាច ទូរស័ព្ទទៅកាន់ ឪពុកម្ដាយ ក៏ដូចជាផ្ដល់ ចំណី អាហារ និងទឹកដល់ពួកគេផងដែរ។ លោក Kremenetsky ដែលជាមន្ត្រីយោធាម្នាក់នៅឯ ស្ថានទូត អ៊ុយក្រែន ប្រចាំសហរដ្ឋអាមេរិក បានបញ្ជាក់ដូច្នេះថា «យើងចាប់បានកងទ័ព រុស្ស៊ីជាង ២០០នាក់ ហើយក្នុងចំណោម ពួកគេមាន អ្នកខ្លះ មានអាយុ ១៩ឆ្នាំ និងខ្លះទៀត មិនបាន ទទួលការបំពាក់ បំប៉ន យោធា ឬទទួល បានការ បណ្ដុះ បណ្ដាល យោធា ត្រឹមត្រូវ នោះទេ»។ លោក បន្ថែមថា ខាងភាគី អ៊ុយក្រែន មិនបានបំពានអ្វីលើ កងទ័ពរុស្ស៊ី ទាំងនេះទេ ដោយ អនុវត្តតាម អនុសញ្ញា ទីក្រុង ហ្សឺណែវ។ក៏ប៉ុន្តែ ខាងភាគី ប្រទេស រុស្ស៊ី នៅមិនទាន់ ឃើញ ធ្វើអត្ថាធិប្បាយ អ្វីទេ រីឯ សារព័ត៌មាននានា ក៏មិនទាន់ អាច ផ្ទៀងផ្ទាត់ ឲ្យច្បាស់នូវ ព័ត៌មាន ដែលលោក Kremenetsky បានអះអាង នោះដែរ ៕
ចំនួនអ្នកទស្សនា