ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន
Thu,21 December 2023 (Time 06:39 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 364នាក់)


នៅរសៀលថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកទ្បើងថា វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន តាមរយៈការអនុម័តអនុសញ្ញាសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ, ជីវៈចម្រុះ និងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម, ការអនុវត្តបានល្អប្រសើរនូវបេសកម្មដឹកនាំកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលធនធម្មជាតិសម្រាប់ធានាសន្តិសុខស្បៀង, សន្តិសុខទឹក, សន្តិសុខថាមពល, ការទ្រទ្រង់ជីវភាពប្រជាជន សម្រាប់រយៈពេលវែង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព, ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន, យុទ្ធនាការលុបបំបាត់សំណល់ប្លាស្ទិក និងកែច្នៃសំណល់ទីប្រជុំជន, កសិដ្ឋាន, រោងចក្រសហគ្រាស និងអង្គភាពធុរកិច្ចផ្សេងៗទៀត ស្របតាមគោលការណ៍ ៤R និងសេដ្ឋកិច្ចចក្រា, គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍបៃតង និងចីរភាព, ការអនុវត្តគោលនយោបាយការទូតបៃតង, ឥណទានកាបូន និងការលើកកម្ពស់ហិរញ្ញប្បទានបៃតង ជាដើម ។

ក្នុងឱកាសនៃពិធីនោះផងដែរ សម្តេចមហាបរវធិបតី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីផ្លាស់ប្តូរឥរិយាបថ ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ ព្រមទាំងអំពាវនាវដល់ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន និងអ្នកពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រ និង កិច្ចសហការ ក្នុងភាពជាដៃគូពិតប្រាកដ ដល់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការបំពេញបេសកកម្មក្នុងវិស័យបរិស្ថានឱ្យបានកាន់តែប្រសើរឡើង និងបន្តរៀបចំទំនើបកម្មស្ថាប័នរបស់ខ្លួន សំដៅបង្កើតវប្បធម៌គុណាធិបតេយ្យការងារក្នុងស្ថាប័ន ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជា ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត, មិនលើកលែងចំពោះអ្នកប្រព្រឹត្តលើ្មសពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ រួមជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រៀមផ្ដល់កិច្ចសហការគាំទ្រចាំបាច់នានា ។ ទន្ទឹមនេះ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវពង្រឹង និងបង្កើនកិច្ចសហការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ។ លើសពីនេះផងដែរ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់នៃបរិស្ថានសង្គម, សម្តេចនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវបទបញ្ជាមួយចំនួនបន្ថែមទៀត មានដូចជា៖ (១) ក្រសួងធម្មការ និងសាសនា ត្រូវពិនិត្យមើលសកម្មភាពមួយចំនួនដែលកើតមានទ្បើងក្នុងទម្រង់ជាការប្រតិបត្តិជំនឿសាសនា ដើម្បីធានាបាននូវការថែរក្សាតម្លៃនៃសាសនានីមួយៗ ដោយឈរលើមូលដ្ឋាននៃជំនឿច្បាស់លាស់ ព្រមទាំងទប់ស្កាត់ឱ្យបាននូវការយកសាសនាទៅធ្វើជាមធ្យោបាយសម្រាប់ទាញយកប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមណាមួយ ។ (២) អនុវត្តន៍ច្បាប់ឱ្យបានតឹងរ៉ឹង និងមិនមានការយោគយល់ចំពោះការអន្តរាគមន៍គ្រប់កម្រិត ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា មានជាអាទិ៍ បទល្មើសចរាចរណ៍ជាដើម ។ (៣) ហាមឃាត់ដាច់ខាតនូវការប្រើប្រាស់គ្រឿងញៀនក្នុងជួរកងម្លាំងគ្រប់ប្រភេទ ព្រមទាំងអនុវត្តឱ្យបានតឹងរ៉ឹងចំពោះអ្នកដែលប្រព្រឹត្តបទល្មើស ដោយត្រូវប្រឈមចំពោះមុខច្បាប់ និងការបណ្តេញចេញពីក្របខ័ណ្ឌការងារ ។

ជាចុងក្រោយ សម្តេចនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទី-ភារកិច្ចដ៏ថ្លៃថ្លានេះ ជូនជាតិ ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន, និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រ និងសហការដ៏ល្អ ដើម្បីសម្រេចបាននូវកិច្ចគាំពារបរិស្ថាន, ការគ្រប់គ្រងធនធានធម្មជាតិ, ការអភិរក្សជីវៈចម្រុះ, ការអភិវឌ្ឍ និងការរស់នៅដោយបរិស្ថានល្អ និងចីរភាព ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
346 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4612 នាក់
ខែនេះ :
17552 នាក់
3 ខែនេះ :
65376 នាក់
សរុប :
2738422 នាក់