ខេត្តបន្ទាយមានជ័យ ÷ បច្ចុប្បន្ននេះ មានក្រុមហ៊ុនមួយ កំពុងតែ ធ្វើសកម្មភាព កាយភ្នំយកអាចម៍ដីទៅលក់យ៉ាងអាណាធិបតេយ្យ ដោយពុំទាន់មានអាជ្ញាធរណាចុះពិនិត្យ ឬទប់ស្កាត់ នៅឡើយទេ ។ ដោយមិនដឹងថា អាជ្ញាធរ បានដឹងឬក៏អត់ ឬក៏ដឹងដែរ តែសង្ងំធ្វើមិនដឹង ធ្វើមើលមិនឃើញ ជាថ្នូរ និង ផលប្រយោជន៍អ្វីម្យ៉ាងពីក្រុមហ៊ុនជីកកកាយដីភ្នំដូងព្រះ? ហើយម្យ៉ាងវិញទៀត ក៏មិនទាន់ដឹងថា ក្រុមហ៊ុនមួយនេះ មានច្បាប់អនុញ្ញាត ពីស្ថាប័នពាក់ព័ន្ធ ឬក៏អត់?ភ្នំដូងព្រះ មានទីតាំងស្ថិតនៅ ភូមិភ្នំដូងព្រះ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ផងដែរថា នាពេលកន្លងទៅ ធ្លាប់មាន ក្រុមហ៊ុនមួយចំនួន ដែលធ្វើអាជីវកម្ម ជីកកកាយ រណ្តៅដី ឬ កាយដីភ្នំ យកទៅលក់ ធ្លាប់អួតក្តែងៗថា មានច្បាប់ ឬអួតថា ច្បាប់អនុញាតឲ្យជីកជាង១០ម៉ែត្រ ទៅ២០ម៉ែត្រ ពីស្ថាប័ននេះ ស្ថាប័ននោះ តែដល់ពេលមន្ត្រីជំនាញ ចុះត្រួតពិនិត្យជាក់ស្តែង បែរជា ធ្លាប់ រកឃើញថា ពុំមានច្បាប់ អនុញាត ឬ ជីកជ្រៅហួសច្បាប់កំណត់ ក៏មានដែរ។ ជារៀងរាល់ថ្ងៃគេតែងតែសង្កេតឃើញថាមានរថយន្តជាច្រើនគ្រឿងបានធ្វើការដឹកដីដោយដាក់ពេញហៀរ ពុំមានការគ្របស្បៃដើម្បីការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋនោះឡើយ ពេលខ្លះក៏មានដី ធ្លាក់ឬជ្រុះនៅលើដងផ្លូវដែលធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរផងដែរ តែសកម្មភាព មួយនេះ ក្លាយជា ប្រធាន បទ ពេញនិយមទៅហើយ ដែលក្រុមហ៊ុន នានា ស្ទើរ មិនគ្រប់ស្បៃ ៩០ ទៅ ៩៩.៩ ភាគរយ ។ក្នុងនោះផងដែរ នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ថា ករណីនេះ សូមសួរទៅ ប្រធានមន្ទីរ រ៉ែ និងថាមពល ។ បន្ទាប់មក សារព័ត៌មានយើងបានធ្វើការទាក់ទងទៅលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ ថាមពល ខេត្តបន្ទាយមានជ័យ ដើម្បី សុំបំភ្លឺផងដែរ តែខលតាមទូរស័ព្ទ ជាច្រើនដង មិនចូល សោះឡើយ ។សូមបញ្ជាក់ដល់មហាជន និង ថ្នាក់ដឹកនាំផងដែរថា លោក សុត វឌ្ឍនា ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ គឺពិបាកក្នុងការទំនាក់ទំនង ដើម្បីសុំការបំភ្លឺខ្លាំងណាស់ ។លោក ហាក់មិនមានការ ពេញចិត្ត សហការ ជាមួយ អ្នកសារព័ត៌មាន ឡើយ ដោយភាគច្រើន "ខលចូលតែមិនលើក ឬខលមិនចូលក៏មានដែរ " ដូច្នេះ សូមឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល ជួយត្រួតពិនិត្យ សកម្មភាព របស់ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ ផង ។ តើគាត់បានអនុវត្តន៍ តួនាទី ភារកិច្ច បានល្អខ្ជាប់ខ្ជួន ហើយឬនៅ?ក្នុងនោះ ប្រជាពលរដ្ឋ ស្នើទៅដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ មេត្តាណែនាំទៅដល់ក្រុមហ៊ុនមួយនេះផង ដើម្បីឲ្យមានការគ្របស្បៃក៏ដូចជាបាញ់ទឹកនៅតាមផ្លូវ។ ចៀសវាង នូវការហុយដែលធ្វើឲ្យប៉ះពាល់ដល់ ការរស់នៅ របស់ពួកគាត់ និងកូនចៅតូចៗ របស់ពួកគាត់ ផងដែរ ។ ម្យ៉ាងវិញទៀត សូមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជួយចាត់មន្ត្រីក្រោមឪវាទ ចុះត្រួតពិនិត្យ ករណី ជីកកកាយ ដីភ្នំដូងព្រះ នេះផង ថាតើគាត់មានច្បាប់អនុញាត ឬអត់? ដើម្បីចៀសវាង ការវិនាស ឬ រលាយហិនហោច ភ្នំ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ។ដោយ : លោក ធី សុធេន
ចំនួនអ្នកទស្សនា