ពលរដ្ឋ បានបន្តនាំគ្នា ចូលរួម ដោះស្រាយបញ្ចប់វិវាទ ដីធ្លី ជាមួយក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីន ហ្វៀល ដែល មានការ ពាក់ព័ន្ធ ទិញ-លក់ និង ត្រួតលើគ្នា ប្រមាណជាង ៤០០០ ហិចតា ដោយមួយផ្នែក ឋិតនៅក្នុងភូមិគោករការ ឃុំដូនបា និងមួយផ្នែកទៀត ឋិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្ត បាត់ដំបង ។ ដោយគិតមកដល់បច្ចុប្បន្ននេះ មានពលរដ្ឋ ជាច្រើន គ្រួសារ ហើយដែល បានបន្តនាំគ្នា មកសះជា បញ្ចប់ទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីនហ្វៀល ។ តាមការជាក់ស្តែង កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៣ នេះ លោក ឃួន ឡៃហៀប ត្រូវជាក្មួយប្រសារ របស់លោក ម៉ម សង មេភូមិ គោករកា បានស្ម័គ្រចិត្ត ព្រមព្រៀង ធ្វើឯកសារ សះជាបញ្ចប់ទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន ដោយមានការដឹងលឺ ពីអាជ្ញាធរភូមិគោករកា និងឃុំដូនបា រួមជាមួយ លោកមេធាវី តំណាងភាគី ក្រុមហ៊ុន ផងដែរ ។ ដោយលោក ឃួន ឡៃហៀប បានយល់ពីសាច់រឿង និង យល់ពីផ្លូវច្បាប់ ដូច្នេះលោក មិនចង់ឲ្យមានរឿងវែងឆ្ងាយ សុខចិត្ត យល់ព្រមចូលរួម សះជា បញ្ចប់វិវាទដីធ្លី ជាមួយក្រុមហ៊ុន ដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំឡើយ ។សូមបញ្ជាក់ថា កាលឆ្នាំពី ២០០៦,២០០៧,២០០៨ ក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីន ហ្វៀល បានទិញដី ចំនួន ជាង ៤០០០ ហិចតា ( ជាងបួនពាន់ហិចតា) ដោយមាន ឯកសារ ទទួលស្គាល់ ពីអាជ្ញាធរភូមិ ឃុំ ស្រុក និង ភូមិបាលស្រុកគាស់ក្រឡ ក្នុងឆ្នាំ២០១០ ផងដែរ ។ ហើយទីតាំងដី មួយនេះ មួយចំនួនឋិតក្នុងភូមិ គោករកា ឃុំដូនបា និងមួយចំនួនទៀត ឋិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ។ បន្ទាប់ មក ស្រាប់តែ មានក្រុមអណាធិបតេយ្យ រួមជាមួយ អាជ្ញាធរ និង សមត្ថកិច្ច ក្បាលខូច មួយចំនួនតូច បានបំពាន យកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ព្រមទាំង លក់ យកលុយ ដាក់ហោប៉ៅ ហើយនិងចែកបក្ខពួក ធ្វើមាន ធ្វើបាន យ៉ាងគឃ្លើន ដោយមិនខ្វល់ ពីការប៉ះពាល់ កិត្តិយស និង សេចក្តី ថ្លៃថ្នូរ របស់ប្រទេស ជាតិ ឡើយ ។ក្រោយមានការបំពាន ពីសំណាក់ ក្រុមអាណាធិបតេយ្យ និង អាជ្ញាធរ រួមជាមួយ សមត្ថកិច្ច ខិលខូចមួយចំនួន ត្រូវបានក្រុមហ៊ុន ប្តឹងទៅ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងបានចេញ ដីការរក្សា ការពារ ក្នុងឆ្នាំ២០១៣ ផងដែរ ។ ក៏ប៉ុន្តែ ដីការរក្សាការពារ របស់អយ្យការអមសាលាដំបូង ខេត្តបាត់ដំបង គឺគ្មានអ្នកគោរព ឬអនុវត្តន៍ តាមឡើយ ដោយការបំពាន មកលើដីក្រុមហ៊ុន នៅតែបន្តមានដដែល រហូតមកដល់បច្ចុប្បន្ននេះ ។ បន្ទាប់មកក្នុងកំឡុងឆ្នាំ២០២២កន្លងទៅនេះ ខាងក្រុមហ៊ុន អេហ្គ្រី ខលឈ័រ ហ្រ្គីនហ្វៀល បានផ្តល់សិទ្ធិ ជូន លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ធ្វើជាតំណាង ដើម្បី ចូលទៅដោះស្រាយ សម្របសម្រួល ជាមួយ ក្រុមពលរដ្ឋ និង អាជ្ញាធរ រួមទាំង សមត្ថកិច្ច មួយចំនួនតូច ដែលកំពុងបន្តបំពាន លើដីក្រុមហ៊ុន អោយដោះស្រាយបញ្ចប់វិវាទ ដីធ្លីមួយនេះ ដោយខាងក្រុមហ៊ុន បានបដិភាគ ៥០ -៥០ តាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ។ ក្រោយមក គេសង្កេត ឃើញថា ការសម្របសម្រួល នេះ ត្រូវបាន ពលរដ្ឋ មួយចំនួន បានយល់ ព្រម ចូលរួម សះជា បញ្ចប់វិវាទដីធ្លី ជាមួយក្រុមហ៊ុន រីឯមួយចំនួន ទៀត នៅតែបន្ត មិនយល់ព្រមចូលរួម សះជា បញ្ចប់វិវាទ ជាមួយក្រុមហ៊ុន ឡើយ ដោយរត់ ទៅពឹងអ្នកធំនេះ រត់ទៅពឹងអ្នកធំនោះ អោយជួយការពារ ឬ ចាំកាងពីក្រោយខ្នង ធ្វើឲ្យ អាជ្ញាធរ ពាក់ព័ន្ធ ខ្លាចរអា រួមផ្សំជាមួយ ការមិនមានឆន្ទះពិតប្រាកដ ក្នុងការដោះស្រាយ ផងនោះ ទើបធ្វើឲ្យ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានបញ្ជារ ក្រុមការងារ ដោះស្រាយ វិវាទ ដីធ្លី ដែលដឹកនាំដោយលោក ឌី ពៅ អភិបាលរងស្រុក មិនឲ្យបន្តការដោះស្រាយឡើយ នេះបើយោងតាម ប្រភពព័ត៌មាន ពីមន្រ្តី មួយចំនួន ក្នុងស្រុកគាស់ក្រឡ ។ ដោយសង្កេតឃើញ សកម្មភាពបែបនេះ របស់ លោក ញឹក សារ៉ែន អភិបាលស្រុក គាស់ក្រឡ ហាក់បីដូចជា កំពុងមានចេតនា បើកដៃ ឲ្យក្រុមខិលខូចបន្តបំពានយកដីក្រុមហ៊ុនអញ្ចឹង ទើបលោកផ្អាក មិនឲ្យអភិបាលរងស្រុកគាស់ក្រឡ និងអាជ្ញាធរ ពាក់ព័ន្ធ ដែលទទួល បន្ទុកដោះស្រាយវិវាទ ដីធ្លី មិនឲ្យបន្តដោះស្រាយ ទៀតយ៉ាងដូច្នេះ? ខណៈក្រុមការងារដោះស្រាយវិវាទដីធ្លី កំពុងបន្ត សកម្មភាព យ៉ាងសកម្ម ធ្វើការដោះស្រាយ និងសម្របសម្រួល ឲ្យពលរដ្ឋ និង ក្រុមហ៊ុន ចូលរួមព្រមព្រៀងសះជា គ្នា ជាបន្តបន្ទាប់ នាពេលកន្លងមក ។តែទោះបីជា អាជ្ញាធរ បន្ត អសកម្ម លិប.លៗ ក្នុងការដោះស្រាយ បញ្ហាវិវាទ ដីធ្លី រវាងក្រុមហ៊ុន និង ពលរដ្ឋ យ៉ាងណា ក៏ដោយ នៅតែមាន ប្រជាពលរដ្ឋ មួយចំនួន បន្តចូលរួម មក ដោះស្រាយ សះជា បញ្ចប់វិវាទ ដីធ្លីជាមួយក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីនហ្វៀល ដដែល ដោយពលរដ្ឋ បានលើកឡើងថា ពួកគាត់ក៏បានដឹងដែរ ថា ដីទាំងនេះ គឺខាងក្រុមហ៊ុន បានចំណាយលុយទិញ និងមានឯកសារទទួលស្គាល់ ពីអាជ្ញាធរ ពិតប្រាកដមែន ដូច្នេះ គាត់សុខចិត្ត ដោះស្រាយ មិនបន្ត ឈ្លោះគ្នា ប្តឹងគ្នា នាំតែខាតពេលវេលា ខាតបង់លុយកាក់តទៅនោះទេ ។ពលរដ្ឋដែលបានសះជា បន្ថែមថា ដោយគាត់បានសំលឹង ឃើញការដោះស្រាយ តាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាជម្រើសដ៏ល្អបំផុត ដោយគ្មានអ្នកចាញ់ ឬ អ្នកឈ្នះឡើយ គឺគិតទៅ ទាំងក្រុមហ៊ុន និង ពលរដ្ឋ ស្មើភាពគ្នា ហើយម្យ៉ាងវិញ ពួកគាត់ បានលើកឡើងថា ពួកគាត់ សុខចិត្ត សះជា បញ្ចប់វិវាទដីធ្លី ជាមួយក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីនហ្វៀល គឺដើម្បី កុំឲ្យប៉ះពាល់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិ ដែលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកបានខិតខំណាស់ ក្នុងការ រក្សាសន្តិភាព អភិវឌ្ឍន៍ប្រទេសជាតិ និង ខិតខំ ទាក់ទាញ អ្នកវិនិយោគបរទេស ឲ្យចូលមក កម្ពុជា ចុះបើក្រុមហ៊ុន បានចំណាយលុយផ្ទាល់ខ្លួន មកទិញ ដើម្បី សាងសង់ជារោងចក្រ បែរជាមាន បញ្ហាបែបនេះ តើឲ្យអ្នក វិនិយោគបរទេស ណា ហ៊ានមកបោះទុនរកសុី ក្នុងប្រទេសកម្ពុជា យើងបន្តទៀតទៅ ។សូមបញ្ជាក់ថា នាពេលកន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានលើកទឹកចិត្ត និងជំរុញឲ្យអាជ្ញាធរ ឬ អភិបាលខេត្តគ្រប់រូប ត្រូវជួយដោះស្រាយ ទំនាស់ដីធ្លី ក្រៅប្រព័ន្ធ តុលាការ និង គួរយកគំរូតាមឯកឧត្តម ម៉ៅ ធនិន តែទោះមានការជំរុញ ឬលើកទឹកចិត្ត ពីសម្តេចតេជោ យ៉ាងណាក៏ដោយ បែរជា គេសង្កេត ឃើញថា អាជ្ញាធរ ស្រុកគាស់ក្រឡ ក្រោមការគ្រប់គ្រង របស់លោក ញឹក សារ៉ែន និង ឯកឧត្តម សុខ លូ នៅមិនទាន់ មានជំហរ ណាមួយច្បាស់លាស់ ក្នុងការដោះស្រាយ បញ្ហាទំនាស់ដីធ្លី រវាងក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីនហ្វៀល និងពលរដ្ឋ ព្រមទាំងអ្នកដែលពាក់ព័ន្ធលើដី មួយនេះ នៅឡើយនោះទេ ៕
ចំនួនអ្នកទស្សនា