ខេត្តបាត់ដំបង ÷ ប្រជាពលរដ្ឋ រងការចាញ់បោក មេដឹកនាំ ដែលជាមុខសញ្ញា ដើរយកដីរបស់អ្នកដទៃ លក់យ៉ាងអាណាធិបតេយ្យ។ មេដឹឹកនាំទាំងនោះ បានគៀងគរ ពលរដ្ឋមកធ្វើ សន្និសិទ្ធការសែត នៅព្រឹកថ្ងៃទី ០៧ ឧសភា ឆ្នាំ ២០២៣នេះ ត្រង់ចំនុចដីចំការ ដែលគេដឹងថា ជាចំការរបស់លោកម៉ម សង មេភូមិគោរកា ស្ថិតក្នុងចំនុចត្រពាំងទ្រា ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ក្នុងកិច្ចនេះ មានពលរដ្ឋមួយចំនួនធំ មិនមានដីនៅក្នុងតំបន់នោះទេ តែពួកគាត់ប្រាប់អង្គភាពសារព័ត៌មានយើងថា មានមេដឹងនាំ ឈ្មោះ ព្រឿង និងអាជ្ញាធរភូមិមួយចំនួន ប្រាប់ពួកគាត់ថា មកផ្តិតមេដៃ ជាថ្នូរ នឹងការ ចែកដី និងវាស់ដីជូនពួកគាត់ មួយគ្រូសារ ចំនួន ពីរហិចតា។ ដើម្បីអាចទទូលបានដីមួយគ្រូសារ ចំនួនពីរហិចតាបាន ពលរដ្ឋទាំងនោះ ត្រូវបង់លុយចំនួន៤០,០០០រៀល និងត្រូវផ្តិតមេដៃលើឯកសារមួយ ដែលពួកគាត់ប្រាប់ថា មិនដឹង ជាឯកសារអ្វីនោះទេ មិនត្រឹមថាប៉ុណ្ណឹង ពលរដ្ឋបានបន្តទៀតថា អោយមក ដើម្បីវាស់ចែកដីអោយ តែជាក់ស្តែងមិនលឺនិយាយពីរឿងចែកដីទេ លឺតែនិយាយតវ៉ា វិវាទដីធ្លី ការពារតែប្រយោជន៍ និងបទល្មើសរបស់ខ្លួនឯងឯណោះវិញ។ ពលរដ្ឋមួយចំនួន ដោយសុំមិនបង្ហើមឈ្មោះ បានប្រាប់ថា តាយ៉ួម នេះ ពិតជាបានយកដីគេមែន។ សូមរំលឹកថា ដោយយោងតាមប្រភពច្បាស់ការបានប្រាប់អង្គភាពយើងខ្ញុំថា កាលពីថ្ងៃទី ១០ កុម្ភះឆ្នាំ ២០២៣ បុគ្គលឈ្មោះ ព្រឿង ម្នាក់នេះ ធ្លាប់ការគៀងគរពលរដ្ឋ ធ្វើការផ្តិតមេដៃលើឯកសារមួយ ដើម្បីធ្វើការចែកដី លុះដល់ពលរដ្ឋសួរថាដីនៅឯណា នោះគ្នីគ្នា លោក ព្រឿង ប្រាប់ថា ចែកដីនៅពោធិ៍សាត់ ប៉ុន្តែប្រជាពលរដ្ឋបានបន្តប្រាប់ថា ឃើញក្នុងឯកសារនោះដាក់ចំណងជើងថា ពាក្យស្នើរសុំសម្បទានដីសង្គមកិច្ច សូមគោរពជូនឯកឧត្តមអភិបាលខេត្តបាត់ដំបង ព្រមទាំងតាមរយះអភិបាលស្រុកគាស់ក្រឡ។ ពលរដ្ឋបញ្ជាក់ទៀតថា ដើម្បីអាចចូលរួមជាមួយតាព្រឿងបាន ពលរដ្ឋម្នាក់ៗត្រូវអោយឯកសារសំខាន់ៗមួយចំនួនរបស់ពួកគាត់ផ្ទាល់ ដូចជាអត្តសញ្ញាណបណ្ឌថតចំលង សៀវភៅគ្រូសារថតចំលថ -ល- រួមទាំងលុយ៤០,០០០រៀលផងដែរ។ ដោយយោងតាមប្រភព ច្បាស់ការ បានបន្តឲ្យដឹងទៀតថា ពាក់ព័ន្ធករណី លោក ព្រឿង គៀងគរ ពលរដ្ឋ ឲ្យទៅចុះឈ្មោះ ដើម្បីទទួលដី ក្នុងមួយគ្រួសារ ចំនួន ០២ហិចតា រដ្ឋបាលស្រុកគាស់ក្រឡ បានឲ្យកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ហៅទៅសួរនាំម្តងរួចមកហើយ តែក៏ស្ងាត់វិញទៅ មិនឃើញ មានចំណាត់ផ្លូវច្បាប់ណាមួយលើ បុគ្គល ឈ្មោះ ព្រឿង និងបក្សពួកឡើយ ។ បន្ទាប់មកនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះ ស្រាប់តែ បុគ្គលម្នាក់ រួមជាមួយបក្សពួក ចាប់ផ្តើមលេចមុខសារជាថ្មី និង ដឹកនាំពលរដ្ឋ ជាច្រើន មកអះអាងថា ធ្វើការវាស់វែង បែងចែកដី តែលទ្ធផលគឺកុហកពលរដ្ឋ យកមករួមកម្លាំង ធ្វើបាតុកម្ម ដើម្បីការពារ មេខ្លោងមួយចំនួន ដែលកំពុងរងបណ្តឹងនៅតុលាការទៅ វិញ ដោយអ្នកខ្លះ រងបទចោទ (លក់ទ្រព្យសម្បត្តិអ្នកដទៃ) អ្នកខ្លះទៀត រងបទចោទ : ប៉ុនប៉ង មនុស្សឃាត និង ប្រើប្រាស់ហឹង្សា ដោយចេតនា ។សូមបញ្ជាក់ថា មានពលរដ្ឋជាច្រើនរូប កំពុងចាញ់បោក តាមរយះការគៀងគរ ឱ្យមកចូលរួម ធ្វើការតវ៉ា ការពារផលប្រយោជន៍ និងដើម្បីបិតបាំងទង្វើរមិនល្អរបស់ខ្លួន និងបក្សពួកកន្លងមក មិនត្រឹមតែប៉ុណ្ណឹងទេ មេដឹកនាំទាំងនោះ បានកំពុងព្យាយាម បន្តបោកពលរដ្ឋ ទាក់ទង នឹងខ្លឹមសាររបស់ឯកឧត្តម សេង ឡូត ។ សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះថា លោក សេង ឡូត អគ្គនាយកដ្ឋានរដ្ឋបាល ជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ថា «ក្រសួងបានប្រគល់ជូនរដ្ឋបាលខេត្តដែលជាស្ថាប័នមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ពិនិត្យកិច្ចការនឹង»។ លោកក៏បានបញ្ជាក់ទៀតថា «ពេលឃើញលិខិតស្នាមនេះ គេចេះធ្វើការហើយ ក្នុងនាមជាអង្គភាពមានសមត្ថកិច្ច ព្រោះមានទម្រង់នៃកិច្ចការបែបនឹងច្រើនឯកឧត្តមអភិបាលខេត្ត ដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ មិនមែនឃើញលិខិតតែប៉ុណ្ណឹង សាម៉ីដែលសំណើរនឹងមានសិទ្ធសម្រេច ឬទាមទាអ្វីទេ»។ សូមជម្រាបផងដែរថា កន្លងមកថ្មីៗនេះ បុគ្គលឈ្មោះ យ៉ុម យ៉ួម នេះ នាំភ្ញៀវមកដើររកទិញដី និងបានបង្ហាញដីដល់ភ្ញៀវ តែជាក់ស្តែងដីនោះ ជាកម្មសិទ្ធក្រុមហ៊ុន អេហ្គ្រីខលឈើ ហ្គ្រីន ហ្វៀល ខូលិនធីឌី នៅចំណុចត្រពាំងទ្រា ភូមិគោរការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយគ្មានខ្លាចញញើត នឹងច្បាប់ឡើយ។ លោកយ៉ុម យ៉ួម និងបក្សពួកមិនដឹងជាបានដីធ្លីមកពីណា ឬសិទ្ធអំណាចអ្វីទេ? បានជាហ៊ានធ្វើកិច្ចសន្យាផ្តល់ដីទំហំ៤០០ហិកតា និងទឹកប្រាក់រហូតដល់ចំនួន១០០,០០០ដុល្លារ ខណៈពេលដែលខ្លួនមិនមាន។លោក ឌី ពៅអភិបាលរង ស្រុកគាស់ក្រឡ ទទូលបន្ទុកគណៈកម្មការដោះស្រាយវិវាទដីធ្លី ពេលទទួលបានព័ត៌មានថា មានការប្រមូលផ្តុំគ្នារបស់ប្រជាពលរដ្ឋ តាមរយៈការគៀងគររបស់ក្រុម ឱកាសនិយមមួយក្តាប់តូចថានឹងបែងចែកដីធ្លី ដែលបង្កឱ្យមាន ចលាចលដល់បញ្ហាសន្តិសុខសង្គម ដូចនេះលោកបានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល និងអាជ្ញាធរជាច្រើនរូប ដើម្បីចុះមកធ្វើការណែនាំ បញ្ឈប់ទង្វើរបែបនេះ ព្រមទាំងប្រាប់ប្រជាពលរដ្ឋឱ្យឈប់ចាញ់បោកតាមការអូសទាញពីមេខ្យល់ខិលខួចតទៅទៀត ព្រោះគ្មានដីពីណាមកបែងចែកនោះទេ។ប៉ុន្តែមេដឹកនាំបះបោរទាំងនេះ បានប្រើសំដី មិនគួរសម្យជាច្រើន មកលើរូបលោក ដែលជាបុគ្គលគំរូរ ទាំងដែលលោកមានស្នាដៃល្អៗជាច្រើន ក្នុងការដោះស្រាយវិវាទដីធ្លីជាច្រើនករណី បញ្ចប់ដោយចេតនាល្អ ក្នុងការផ្តល់ និងបង្កើតក្តីសុខជូនប្រជាពលរដ្ឋទូទៅ។នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ពាក់ព័ន្ធជនខិលខួចគៀងគរ ប្រជាពលរដ្ឋ ដោយសន្យាបែងចែកដីធ្លី ស្ថិតក្នុងភូមិសាស្ត្រភូមិគោករការ ឃុំដូនបារនោះ បានប្រាប់យ៉ាងខ្លីថា «ករណីនេះលោកបានទទួលព័ត៌មានហើយ នឹងមានវិធានការតាមផ្លូវច្បាប់»។ លោកអភិបាលស្រុកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែធ្វើការស្រាវលើរឿងនេះ»៕
ចំនួនអ្នកទស្សនា