ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
គ្រឿ.ងក្នុងមាន់ គ្រឿងក្នុងជ្រូក ប្រហិ.ត ខូចគុណភាព នាំចូលក្រុងប៉ោយប៉ែត យ៉ាងភ្លូ.កទឹកភ្លូ.កដី
Sat,17 June 2023 (Time 07:29 AM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 435នាក់)


ខេត្តបន្ទាយមានជ័យ ÷ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ជាច្រើនឆ្នាំមកហើយ ក្រុមឈ្មួញមួយចំនួន នៅតែបន្តនាំគ្នា នាំចូលគ្រឿងក្នុងមាន់ និង គ្រឿងក្នុងជ្រូក ប្រហិត ឬ ផលិតផលដែលមានដើមកំណើតពីសត្វ ជាច្រើន ប្រភេទ ដែលខូចគុណភាព ហើយវេចខ្ចប់ដោយគ្មានអនាម័យ យកមកស្តុបទុកតាមឃ្លាំង ក្នុងក្រុងប៉ោយប៉ែត ដើម្បីធ្វើការចែកចាយ យ៉ាងភ្លូកទឹកភ្លូកដី ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋខ្មែរដែលរស់នៅក្រុងប៉ោយប៉ែត ឡើយ ។

ក្នុងនោះមិនត្រឹមតែ ស្តុបទុកចែកចាយ ក្នុងក្រុងប៉ោយប៉ែតតែប៉ុណ្ណោះទេ ក៏មានក្រុមឈ្មួញខ្លះក៏បានធ្វើការដឹកជញ្ជួន តាមរយៈរថយន្តផ្សេងៗ ដើម្បី យកទៅចែកចាយតាមបណ្តាខេត្ត និង រាជធានីភ្នំពេញ ផងដែរ ។ ដោយក្នុងនោះ ក៏ត្រូវបានគេសង្កេតឃើញទៀតថា ទំនិញរបស់ឈ្មួញខ្លះ ក៏ត្រូវបានមន្ត្រីជំនាញ ធ្លាប់ធ្វើការចុះបង្រ្កាប ផងដែរ តែក្រុមឈ្មួញទាំងនោះ ហាក់មិនរាងចាល ឬ ខ្លាចញញើតឡើយ នៅតែបន្តធ្វើសកម្មភាព ផ្គើននិងច្បាប់ដដែល ។


តាមការជាក់ស្ដែង នៅវេលាម៉ោង ៦ និង១៥នាទីព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្រុមអន្តរាគមបង្រ្កាបបទល្មើសចលនាសត្វ និង ផលិតផលមានដើមកំណើតពីសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបន្ទាយមានជ័យ សហការជាមួយ ក្រុមបង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលពីសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ និងដឹកនាំផ្ទាល់ពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការត្រួតពិនិត្យ និងដកហូតនូវផលិតផលសរុបទម្ងន់ ៨ ៥២០គីឡូក្រាម (សាច់មាន់ ៨៣០គីឡូក្រាម និងផលិតផលប្រហិតចម្រុះចំនួន ៧ ៦៩០គីឡូក្រាម) ពីចំណុចបន្ទប់ជួលចំនួន ០៤កន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខាងជើងផ្សារត្រី ។ ដោយផ្អែកទៅលើច្បាប់ ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ ត្រង់មាត្រាទី១០៤ និង មានការឯកភាពពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យរួចមក នៅវេលាម៉ោង ១១,៣០នាទីព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២៣ដដែល សមត្ថកិច្ចចម្រុះបានសម្រេចធ្វើការដុតកម្ទេចចោលផលិតផលសាច់មាន់ និងប្រហិតចម្រុះខាងលើ នៅទីវាលដីឡូតិ៍ ០១កន្លែង ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាមវិធានបសុពេទ្យ ។

សូមបញ្ជាក់ថា ទីតាំងរបស់ក្រុមឈ្មួញ ដែលមាននៅចំណុចផ្សារត្រី ឬក្បែវិហារចាម ទាំងនេះ ធ្លាប់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្តបន្ទាយមានជ័យ ចុះបង្រ្កាប ម្តងរួចមកហើយ កាលមុនសម័យជម្ងឺកូវិដ រាតត្បាតចូលកម្ពុជា ហើយផលិតដែលមានដើមកំណើតពីសត្វទាំងនោះត្រូវបាន សមត្ថកិច្ចជំនាញ ដកហូតយកទៅដុតកម្ទេចចោល ។


បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្ននេះ គ្រឿងក្នុងមាន់ គ្រឿងក្នុងជ្រូក ឬផលិតផលដែលមានកំណើតពីសត្វ ក្រុមឈ្មួញនាំមកពីប្រទេសថៃ ចូល ប្រទេសកម្ពុជា តាមច្រករបៀងមួយចំនួន ក្នុងភូមិសាស្ត្រ នៃខេត្តបន្ទាយមានជ័យ ដោយមានការលួចឃុបឃិតគ្នា ជាមួយកងកម្លាំងមួយចំនួនដែលបានឈរជើង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ ដូច្នេះ មហាជនសង្ឃឹមថា មន្ត្រីជំនាញ និងបន្តធ្វើការទប់ស្កាត់បន្ថែមទៀតតាមច្រករបៀង កុំឲ្យក្រុមឈ្មួញ នាំទំនិញខូចគុណភាព ឬ មានសារធាតុគីមី ចូល កម្ពុជា ។

ជាចុងក្រោយនេះ មហាជនសង្ឃឹមថា លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ និង ព្យាបាលសត្វ ខេត្តបន្ទាយមានជ័យ រួមជាមួយ ក្រុមបង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលពីសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មេត្តាចាត់ការ ឬ អនុវត្តន៍ច្បាប់ លើក្រុមឈ្មួញ ដើម្បីផ្ទន្ទាទោស កុំឲ្យក្រុមឈ្មួញទាំងនោះមានឱកាសបន្តនាំចូលផលិតផលមានដើមកំណើតពីសត្វដែលខូចគុណភាព ឬ មានសារធាតុគីមី និងជម្ងឺឆ្លង ចូលកម្ពុជា បំផ្លិចបំផ្លាញសុខភាពពលរដ្ឋ ជាបន្តទៀត ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
347 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4613 នាក់
ខែនេះ :
17553 នាក់
3 ខែនេះ :
65377 នាក់
សរុប :
2738423 នាក់