(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនជាតិថៃចំនួន០៥នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០១និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលជិតបុរីហ្គោដឡាក់ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថាជនសង្ស័យ ១.ឈ្មោះ សុជិរ៉ា យោតិកា(ហៅគុក) ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិថៃ។ ២.ឈ្មោះDAMALEE CHATPONG (JAK) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ។ ៣.ឈ្មោះ វីឡាក់ ឆៃកាលន់(ហៅនន់) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ។ ៤.ឈ្មោះPHAKON MINGMALEE (ហៅម៉ុន) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ។ ៥.ឈ្មោះPRAKOBKIT CHADOL(ហៅឃីង) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ។ ជនសង្ស័យទាំង៥នាក់ បច្ចុប្បន្នស្នាក់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា ដេីមហេតុបង្កឱ្យមានករណីហិង្សានេះ ដោយសាររឿងបើកប្រាក់ខែ ដោយក្រុមមានគ្នាប្រហែល១០នាក់ ជាជនជាតិថៃ បានឈ្លោះប្រកែកគ្នានៅផ្ទះជួល ដោយជនរងគ្រោះឈ្មោះ Laksita TuangKuay (ហៅតូ) ភេទប្រុស អាយុ៣២ឆ្នាំ និងបក្ខពួកខ្លួនបានឈ្លោះគ្នារឿងបើកប្រាក់ខែ ហើយក្រុមជនរងគ្រោះបានប្រើហិង្សាទៅលើជនសង្ស័យឈ្មោះ សុជិរ៉ា យោតិកា(ហៅគុក) ភេទស្រី អាយុ១៨ឆ្នាំ(ជនជាតិថៃ)។ ក្នុងនោះជនសង្ស័យបានផ្ញើសារទៅបក្ខពួកដេីម្បីមកជួយ បន្ទាប់មកបក្ខពួករបស់ជនសង្ស័យមានគ្នាជាង១០នាក់ បានមកដល់ និងបានវាយប្រតាយប្រតប់គ្នាទៅលេីភាគីម្ខាងទៀត ហេីយជនសង្ស័យឈ្មោះ ឆាក់យ៉ាផុន កងស៊ីន ហៅកាវ បានយកកូនកាំបិតចាក់ទៅលើជនរងគ្រោះមួយកាំបិត បណ្តាលឱ្យរងរបួសធ្លាយពោះខាងឆ្វេងចេញពោះវៀនមកក្រៅ ក្រោយធ្វេីសកម្មភាពរួចក្រុមជនសង្ស័យបាននាំគ្នារត់បាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិនាំទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ តែជាអកុសលបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ក្រោយពីកើតហេតុកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ហើយនាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសាកសួរតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង០៥នាក់ ក្រោយពីកម្លាំងជំនាញសួរនាំរួច ពួកគេបានឆ្លើយថា អ្នកដែលចាក់ទៅលើជនរងគ្រោះបានរត់គេចខ្លួនបាត់ហើយ ចំណែកពួកខ្លួនគ្រាន់ជាមិត្តភក្ដិតែប៉ុណ្ណោះ។ ដោយផ្អែកលេីការស្លាប់ជាក់ស្ដែងរបស់ជនរងគ្រោះ និងចម្លើយសារភាពរជាបក្សពួករបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ៕
ចំនួនអ្នកទស្សនា