ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញបន្តយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅស្រុកសង្កែ
Mon,03 July 2023 (Time 08:28 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 470នាក់)


ខេត្តបាត់ដំបង ÷ នារសៀលថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញបន្តយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅស្រុកសង្កែ ខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាពញាចក្រីហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុក សកម្មជន និងអ្នកគាំទ្រគណបក្សគ្រប់ភូមិ និងឃុំទូទាំងស្រុកសង្កែ ដែលមានភក្ដីភាពជឿជាក់គាំទ្រឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា និងអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថ្លែងអំណរគុណប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង និងនិយាយដោយឡែកក្នុងស្រុកសង្កែ ដែលបានចូលរួមគាំទ្រការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ។

នាឱកាសនោះដែរ សម្ដេចក៏បានអំពាវនាវសមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថាសម្ដេចក្រឡាហោម ស ខេង បានឈរឈ្មោះជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ រហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ ក្រៅពីមូលដ្ឋានខេត្តបាត់ដំបង សម្ដេចក៏អញ្ជើញធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅមណ្ឌលខេត្តព្រៃវែងផងដែរ។ ការឃោសនាបោះឆ្នោតនឹងបន្តរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
236 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4502 នាក់
ខែនេះ :
17442 នាក់
3 ខែនេះ :
65266 នាក់
សរុប :
2738312 នាក់