សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែន បានបញ្ជាឲ្យពិនិត្យ ស្រាវជ្រាវជាលើការតែងតាំងមេប៉ុស្តិ៍ថ្មី ល្បីធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ
ភ្នំពេញ: នៅព្រឹកថ្ងៃទី១០ កញ្ញាឆ្នាំ២០២៣នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាភ្លាមៗ ទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់ លើបុគ្គលម្នាក់ដែលបានតែងតាំងធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលល្បីធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ។
ក្រោយសម្តេច បានទទូលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធបុគ្គលខាងលើ សម្តេចចេញបទបញ្ជា និងត្រូវធ្វើការកែសម្រួលភ្លាម បើក្នុងករណីជារឿងពិត។ មិនត្រឹមប៉ុនហ្នឹងទេ សម្តេចបានបន្តទៀតថា សូមឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ។
ជុំវិញការចេញបទបញ្ជាភ្លាមៗ របស់សម្តេចមហាបវរធិបតីនេះ ពិតជាបញ្ជាក់យ៉ាងច្បាស់ថា សម្តេច ពិតជាយកចិត្តបំផុតក្នុងការជំរុញយុទ្ធសាស្ត្របញ្ចកោណ ដែលជាយុទ្ធសាស្ត្រសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្ត ៥ដំណាក់កាល។
សូមរំលឹកបញ្ជាក់ពីយុទ្ធសាស្ត្របញ្ចកោណ ដែលមានបាវចនាចំនួន៥ រួមមាន៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព ដោយគោលដៅនីមួយក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ÷
កំណើន៖ ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ ប្រកបដោយភាពធន់នឹងវិបត្តិនានា។
ការងារ៖ បង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និងគុណភាព, ជូនដល់ប្រជាជនកម្ពុជា, ជាពិសេសសម្រាប់យុវជន។
សមធម៌៖ សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង ១០ភាគរយ និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។
ប្រសិទ្ធភាព÷ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្ដពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ធុរកិច្ច, ការវិនិយោគ និងពាណិជ្ជកម្ម។
ចីរភាព៖ ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ពាក់ព័ន្ធការសម្រេចរបស់សម្តេចធិបតីខាងលើ អង្គភាពសារព័ត៌មានហ្វ្រាយដេ ដេលីញូស៍ សូមគាំទ្រទាំងស្រុង។