បាត់ដំបង: ចោររាត្រីមួយក្រុម ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួនពីរនាក់ ក្រោយធ្វើសកម្មភាពលួចស្រាបៀរ និងម៉ូទ័រស្វាន នៅចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីរាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០២និង៣០នាទីរំលងអធ្រាត្រ។លោកវរសេនីយ៍ទោ ហុត តុងហូ អធិការនគរបាលស្រុកសង្កែ ដោយអនុវត្តន៍ តាមបទបញ្ជាដ៏ហ្មឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដាក់ចេញដល់គ្រប់អង្គភាព ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង ស្រុករួចមក និងដោយមានការណែនាំបន្ថែមពីលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បទបញ្ជានេះត្រូវបានគ្រប់អង្គភាពពាក់ព័ន្ធយកទៅប្រតិបត្តិឱ្យដូចជាភ្លៀងរលឹម ដែលក្នុងនោះការប្រើប្រាស់វិធានការល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន គឺជាវិធានការបង្កាក្នុងចំណោមវិធានការផ្សេងទៀតរបស់នគរបាល លុះដល់ចំនុចទីតាំងខាងលើ នគរបាលស្រុកសង្កែ ស្រាប់តែជួបប្រទះនឹងបុរសចំនួន០២នាក់ កំពុងលេចចេញនូវវត្តមាន នាកណ្តាលរាត្រីដ៏ស្ងប់ស្ងាត់ ដោយមិនបង្អង់យូរសមត្ថកិច្ច បានកាក់ដំណើររបស់គាត់ និងផ្តើមធ្វើការសាកសួរ ខណៈដែលរូបគាត់មានភ្ជាប់ នូវជាមួយស្រាបៀរចំនួន៤៣កំប៉ុង និងម៉ូទ័រស្វានចំនួន ០១ រួមនឹងកង់មួយគ្រឿងជាមធ្យោបាយផង។ បន្ទាប់មក ជនទាំងពីរនាក់នោះ បានសារភាពថា ខ្លួនគេបានធ្វើសកម្មភាពលួចយកស្រារបៀរ ហ្គេនស្បើត ចំនួន៤៣ កំប៉ុង និង ម៉ូទ័រស្វាន ចំនួន០១ នារាត្រីនេះនៅចំណុចតារាងបាល់ទះមួយកន្លែង ស្ថិតនៅ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។សមត្ថកិច្ចបានឱ្យដឹងថា ទី១ ឈ្មោះ ងាត់ ខួច ភេទប្រុស អាយុ (មិនដឹង)ឆ្នាំ មានទីលំនៅភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី២ ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកម្ចាស់ស្រាបៀរ និងម៉ូទ័រស្វានដើម្បីប្រគល់ជូនគាត់វិញ ចំណែកជនសង្ស័យខាងលើ បានឃាត់ខ្លួនអនុវត្តតាមច្បាប់ ។
ចំនួនអ្នកទស្សនា