ថ្ងៃអង្គារ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សមាជិករបស់ DMDIទាំង២២ប្រទេស បានកំពុងផ្តោតលើឧស្សាហកម្មហាឡាលនៅកម្ពុជា
Sat,23 September 2023 (Time 04:42 PM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 153នាក់)


រាជធានីភ្នំពេញ: ព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាសហធិបតីរួមជាមួយ TYT Tun Seri Setia (Dr) Hj Mohd Ali bin Mohd Rustam ប្រធានអង្គការ DMDI ក្នុងពិធីបើកសន្និសីទរបស់អង្គការពិភពម៉ាឡាយូ ពិភពឥស្លាម Dunia Melayu Dunia Islam(DMDI) លើកទី២១ ស្ដីពី “ការពង្រឹងសហគ្រិនភាពនៃសមាជិក DMDI និងដៃគូនានា” នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

អង្គការម៉ាឡាយូ ពិភពឥស្លាម (DMDI) បានទទូលស្គាល់ និងផ្តល់តម្លៃ ដោយជ្រើសរើសប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និសីទលើកទី២១របស់ខ្លួន ក្នុងឆ្នាំនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះ DMDI , លើកទឹកចិត្ត និងអំពាវនាវដល់សហគ្រិនជាសមាជិក DMDI ទាំងអស់ ពិសេសជូនចំពោះអ្នកដែលចូលរួមក្នុងសន្និសីទនាថ្ងៃនេះ សូមពិចារណាចូលមកវិនិយោគនៅកម្ពុជា ដោយហេតុថាកម្ពុជាផ្តល់ការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនទាំងអស់ អាចចូលមកវិនិយោគដោយបើកចំហ លើគ្រប់វិស័យ និងដោយគ្មានការរឹតបន្តឹងលើកម្មសិទ្ធិ។ កម្ពុជាក៏មានកម្លាំងពលកម្ម និងជំនាញ សុទ្ធសឹងតែជាយុវជនវ័យក្មេង និងប្រកបដោយថាមពល ហើយក្នុងនោះ រាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់ដល់សហគ្រិនដែលជាស្រ្តីផងដែរ។ កម្ពុជា ជាប្រទេសនៅចំណុចកណ្ដាលនៃតំបន់អាស៊ាន និងនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលប្រមូលផ្ដុំទៅដោយមនុស្សជាង ៦៥០លាននាក់ ព្រមទាំងជាសមាជិកដៃគូសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ហើយសំខាន់ជាងនេះគឺការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗទាំងក្នុងប្រទេស តភ្ជាប់ទៅប្រទេសជិតខាង និងទៅកាន់ពិភពលោក គឺសុទ្ធសឹងតែផ្ដល់បរិយាកាសល្អដល់វិនិយោគិនឱ្យចូលមកវិនិយោគនៅកម្ពុជា។

ដោយភាពវិជ្ជមានរបស់កម្ពុជា បានជម្រុញអោយមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគ និងធុរជនបរទេសជាច្រើន ក្នុងការបង្កើត និងបង្កើនភាពងាយស្រួល និងផលចំណេញខ្ពស់ ព្រមទាំងជាឱកាសបង្កើតការងារជាច្រើនក្នុងជាតិមាតុភូមិ ស្រមតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សូមជម្រាបថា៖ DMDIនេះជាអង្កការក្រៅរដ្ឋាភិបាល ហើយ
កម្ពុជាត្រូវបានចូលជាសមាជិកក្នុងឆ្នាំ២០១២
ដែលមានសមាជិកសរុបបច្ចប្បន្នចំនួន ២២ប្រទេសផ្សេងទៀតរួមមាន ថៃ សឹង្ហបុរី ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី អារ៉ាប៊ីសាអ៊ូឌីត ប្រ៊ុយណេ ហ្វីលីពីន ទីម័រខាងកើត អង់គ្លេស ម៉ាដាហ្គាស្ការ អូស្ត្រាលី អាហ្វ្រិកខាងត្បូង អេហ្ស៊ីប ហូឡង់ ម៉ាល់ឌីវ បង់ក្លាដែស កាណាដា បូស្នៀហឺហ្សេហ្គោវីណា នូវែលសេឡង់ ស្រីលង្កា និងស៊ូរីណាម បង្កើតក្នុងឆ្នាំ២០០០ នៅប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រឹងសាមគ្គីភាពរវាងបណ្តាប្រទេសសមាជិក និងប្រជាជនមុស្លីមម៉ាឡេ ពិសេសពាណិជ្ជករ ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងអភិវឌ្ឍក្នុងចំណោមប្រជាជនមុស្លីមម៉ាឡេ ជាមួយប្រជាជនប្រទេសផ្សេងៗ ដើម្បីជំរុញវឌ្ឍនភាព និងការអភិវឌ្ឍលើ វិស័យដូចជា៖ ១. សេដ្ឋកិច្ច ២. អភិវឌ្ឍន៍សហគមន៍ ៣. អប់រំ យុវជន និងកីឡា ៤. វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៥. វប្បធម៌ចម្រុះ ៦. ឃោសនាអប់រំឥស្លាម ៧. អភិវឌ្ឍន៍ស្ត្រី ៨. ទេសចរណ៍ ៩. សុខភាព និងអនាម័យ និង ១០. ព័ត៌មានវិទ្យា។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
363 នាក់
ម្សិលមិញ :
770 នាក់
សប្តាហ៍នេះ :
4005 នាក់
ខែនេះ :
19914 នាក់
3 ខែនេះ :
85295 នាក់
សរុប :
1786888 នាក់