ខេត្តបន្ទាយមានជ័យ ÷ ក្រោមការដឹកនាំ ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តែងតែយកចិត្ត ទុកដាក់ ក្នុងការអភិវឌ្ឍ ក្នុងមូលដ្ឋាន រួមជាមួយ ការយកចិត្តទុកដាក់ ក្នុងការ រៀបចំ សណ្តាប់ធ្នាប់សាធារណៈ ទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេស រដ្ឋបាលខេត្ត បានណែនាំ និង ចង្អុលបង្ហាញរដ្ឋបាលក្រុងប៉ោយប៉ែត រួមជាមួយបណ្តាក្រុង/ស្រុកនានា បន្តចុះផ្សព្វផ្សាយ អប់រំ និង ទប់ស្កាត់ ព្រមទាំង រុះរើ សំណង់ ផ្សេងៗ និង កាត់សំយ៉ាប ដែលសាងសង់ រំលោភលើដីចំណីផ្លូវ សាធារណៈរបស់រដ្ឋ ។ក្នុងនោះ បន្ទាប់ពីអាជ្ញាធរ ចុះណែនាំ និង ពន្យល់ដល់ប្រជាពលរដ្ឋ អំពី គុណសម្បត្តិ និង គុណវិបត្តិ នៃការសាងសង់ រំលោភលើដីចំណីផ្លូវ ព្រមទាំង ពន្យល់ពី ការប្រឈម និងផ្លូវច្បាប់ ត្រូវបានសង្កេតឃើញថា ប្រជាពលរដ្ឋ ភាគច្រើន បានចូលរួម សហការ ជាមួយអាជ្ញាធរ ដោយយល់ព្រម កាត់សំយ៉ាប និង រុះរើសំណង់ផ្សេងៗដែលរំលោភលើដីចំណីផ្លូវសាធារណ: ចេញវិញ ដើម្បីចូលរួម កែលំអ សោភ័ណភាព និង របៀបរៀបរយ នៃ ទីក្រុងប៉ោយប៉ែត ។បើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលក្រុងប៉ោយប៉ែត លេខ ០៦៦/២៣ ស.ជ.ណ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣ នាពេលកន្លងទៅ បានអោយដឹងថា រដ្ឋបាលក្រុងប៉ោយប៉ែត ជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងបងប្អូន ប្រជាពលរដ្ឋដែលសាងសង់ សំណង់ សំយ៉ាប លើកស្លាកយីហោ លក់ដូរលើចំណីផ្លូវសាធារណៈ និង ចតយានយន្តគ្រប់ប្រភេទ បានធ្វើឲ្យ មានការកកស្ទះចរាចរណ៍ បាត់បង់នូវសោភ័ណភាព និង របៀបរៀបរយក្នុងក្រុង ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស មុខមាត់ប្រទេស ព្រោះក្រុងប៉ោយប៉ែត ជាក្រុងមួយមានសក្តានុពលសេដ្ឋកិច្ច និងមានភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ចេញចូលជាប្រចាំ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ រដ្ឋបាលក្រុង បន្តទៀតថា ដើម្បីធានានូវ សោភ័ណភាព របៀបរៀបរយ សាធារណៈ និងការធ្វើចរាចរណ៍ ឲ្យកាន់តែល្អប្រសើរ រដ្ឋបាលក្រុង បានស្នើឲ្យ ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ចូលរួមស្ម័គ្រចិត្តរុះរើ ដោយខ្លួនឯង ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២៣ ជាកំហិត ។ ចំពោះផ្លូវជាតិលេខ៥ ត្រូវ ដកគម្លាតពីចិញ្ចើមផ្លូវ៥ម៉ែត្រ ទាំងសងខាង និងនៅតាមផ្លូវបេតុងសំខាន់ៗ ក្នុងទីប្រជុំជនមួយចំនួនទៀត ត្រូវថយពីចិញ្ចើមផ្លូវ ប្រវែង៣ម៉ែត្រទាំងសងខាង ។ ក្នុងករណីម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ មិនចូលរួមអនុវត្តន៍ តាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលនិង រុះរើ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ ។បន្ទាប់ពីឃើញមានការជូនដំណឹងរបស់រដ្ឋបាលក្រុង នាពេលកន្លងទៅ ត្រូវបានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនធំ បាននាំគ្នា ចូលរួម រុះរើ និង កាត់សំយ៉ាប ដោយស័្មគ្រចិត្តខ្លួនឯង មិនរឹងទទឹង នាំបញ្ហាអោយអាជ្ញាធរ ឈឺក្បាលឡើយ នាពេលកន្លងទៅ ។ក៏ប៉ុន្តែ មួយរយៈចុងក្រោយនេះ បែរជា មានបុគ្គលមួយចំនួន ឆ្លៀតឱកាសសាងសង់សំណង់ រំលោភលើដីផ្លូវ សាធារណរបស់រដ្ឋ ទៅវិញ ខណៈ អាជ្ញាធរ ផ្អាកមិនទាន់ឃើញ មានសកម្មភាព ចុះណែនាំពលរដ្ឋ ឬ រុះរើសំណង់ និង កាត់រាល់សំយ៉ាប ដែលបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ជាថ្មីម្តងទៀត នោះឡើយ ។ តាមការជាក់ស្ដែង លោក គួច ម៉េង ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជា ម្ចាស់នាគទិព្វ ២ ឋិតនៅតាមបណ្តោយផ្លូវបេតុង ស្តង់តាងួន ក្នុងភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កំពុង យកដីចំណីផ្លូវ សាធារណៈរបស់រដ្ឋ ទៅសាងសង់ សំណង់ ដើម្បីរៀបចំជាតូប ទុកជួលទៅ អោយអាជីវករ យកលុយ ដាក់ហោប៉ៅផ្ទាល់ ដោយមិនខ្វល់ពី ចរាចរណ៍ណែនាំរបស់រដ្ឋបាលក្រុងប៉ោយប៉ែតឡើយ ។ តើលោក គួច ម៉េង អាចសាងសង់ សំណង់រំលោភលើដីចំពីផ្លូវ នេះ មកពីកម្សោយរបស់អាជ្ញាធរ ឬ មកពី អាជ្ញាធរ មានមនោសញ្ចេតនាជាមួយលោក គួច ម៉េង ទើបបណ្តែតបណ្តោយអោយលោក គួច ម៉េង អាចបន្តការសាងសង់ សំណង់រំលោភលើដីចំណីផ្លូវសាធារណះរបស់រដ្ឋ ស្ទើតែរួចរាល់ ១០០ភាគរយទៅហើយបែបនេះ ? យ៉ាងណាមិញជុំវិញបញ្ហា មួយនេះ លោក ស្រិល អុិន ចៅសង្កាត់ផ្សារកណ្ដាល បានប្រាប់សារព័ត៌មានយើងអោយដឹងកាលពីរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤នេះថា កន្លែងសាងសង់ របស់លោក គួច ម៉េង គឺលោកបានចុះហាមឃាត់ម្តងហើយ តាំងពីដំបូងម្ល៉េះ តែដោយសារមានការអន្តរាគមន៍ពីក្រុង ដូច្នេះលោកពិបាកលូកការងារនេះណាស់........។ រីឯលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា លោកបានអោយមន្រ្តីចុះទៅហាមឃាត់ម្តងរួចហើយ តែបើនៅតែបន្តការសាងសង់គឺលោកនិង អនុវត្តតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ទោះបីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបំភ្លឺថា បើនៅតែមានការសាងសង់គឺលោកនិងអនុវត្តន៍តាមផ្លូវច្បាប់ តែតាមការសង្កេត ទីតាំងដែលលោក គួច ម៉េង កំពុងសាងសង់ ស្ទើតែជិតរួចរាល់១០០ភាគរយទៅហើយ នៅមិនទាន់ឃើញអាជ្ញាធរ បន្តសកម្មភាព ទប់ស្កាត់ ទៀតនោះឡើយ ។ទោះយ៉ាងណាក៏ដោយ មហាជន សង្ឃឹមថា រដ្ឋបាលក្រុងប៉ោយប៉ែត ដែលមានលោក គាត ហ៊ុល ជាអភិបាលក្រុង និង អនុវត្តច្បាប់ អោយមានតម្លាភាព ចៀសវាង រងការរិះគន់ពីប្រជាពលរដ្ឋ ថា អនុវត្តច្បាប់ បានតែលើអ្នកទន់ខ្សោយ ហើយបែរជា រក្សាភាពស្ងៀមស្ងាត់ចំពោះ អ្នកស្គាល់គ្នា អ្នករាប់អានគ្នា ផ្ទុយពីការអនុវត្តន៍ ច្បាប់ ចំពោះប្រជាពលរដ្ឋទូទៅ ៕
ចំនួនអ្នកទស្សនា