ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ប្រជាពលរដ្ឋជាង ៣០០នាក់ ស្នើរាជរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយ បើកផ្លូវទឹកឡើងវិញ
Tue,29 October 2024 (Time 08:13 PM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 155នាក់)


ខេត្ត​ស្វាយរៀង៖ ប្រជាពលរដ្ឋ និងអាជីវករ នៅចំណតទូកប្រឡាយទាហានប្រមាណជាង ៣០០នាក់ក្នុងភូមិព្រៃវល្លិ៍​ បានបន្តស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងរាជរដ្ឋាភិបាល ចរចាបើកច្រកទ្វារព្រំដែនផ្លូវទឹកប្រឡាយទាហាន ​​(ខេត្តស្វាយរៀង) - បេនហ៊ីប(ខេត្តឡុងអាន) បន្ទាប់ពីមានការបិទអស់រយៈពេលជាង៦ខែកន្លងមកនេះ។

ករណីនេះបានបន្តកើតឡើង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅចំណតកាណូតប្រឡាយទាហានស្លាបច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃវល្លិ៍ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

បើតាមប្រជាពលរដ្ឋ បានលើកឡើងថា ​ពួកគាត់បានបន្តស្នើសុំយ៉ាងឲ្យអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសសម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជួយពិនិត្យចរចាបើកច្រកព្រំដែនផ្លូវទឹក នៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ឡើងវិញ ខណៈច្រកទ្វារព្រំដែនផ្លូវទឹកមានតែមួយគត់ ក្នុងខេត្តស្វាយរៀង ដែលអាជីវករខ្មែរបានបង្កើតចំណតទូកកាណូត នាំទំនិញ និងកសិផល(ស្រូវ)ចេញទៅប្រទេសវៀតណាមជាពិសេស ផលិតផលស្រូវ ដែលអាជីវករបានដើរប្រមូលទិញពីបណ្តាខេត្តនានាទូទាំងប្រទេស នាំចេញទៅប្រទេសវៀតណាម។

ប្រភពខាងលើនេះ បានបញ្ជាក់ថា បន្ទាប់ពីមានការបិទច្រកព្រំដែនផ្លូវទឹកនេះ​អស់រយៈពេលជាង៦ខែមកហើយ និងបង្កផលប៉ះពាល់ដល់អាជីវករ និងកម្មករប្រមាណជាង១០០០នាក់។

បើតាមប្រជាពលរដ្ឋ កន្លងមកការនាំស្រូវចេញទៅប្រទេសវៀតណាមក្នុង១ថ្ងៃចន្លោះ៥ពាន់តោន ទៅ១ម៉ឺនតោន គឺបានជួយដល់កម្មករខ្មែរដែលបម្រើការនៅបេនកាណូតចំនួនជាង១០០០នាក់​ដោយក្នុងម្នាក់ៗអាចរកចំណូលបានចន្លោះពី៧ម៉ឺនទៅ១សែន៥ម៉ឺនក្នុង១ថ្ងៃ។​

ប្រជាពលរដ្ឋ បន្តទៀតថា កន្លងមកពួកគាត់បានយកសំណើរទៅដាក់នៅតាមមន្ទីរពាក់ព័ន្ធ រួមទាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងបន្តទៅសាលាខេត្តស្វាយរៀង ​ ​និងរហូតដល់សម្ដេចប្រមុខរាជរដ្ឋាភិបាលដើម្បីចរចាដោះស្រាយបើកច្រកទ្វារព្រំដែនផ្លូវទឹកប្រឡាយទាហានឡើងវិញ។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីសាលាខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៌មាន​ឲ្យដឹងថាបញ្ហាទាំងអស់នេះស្ថាប័នជំនាញបានធ្វើការទំនាក់ទំនងទៅស្ថានកុងស៊ុលកម្ពុជាដែលប្រចាំការនៅទីក្រុងហូជីមិញដើម្បីធ្វើការប្រជុំពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហានេះរួចហើយតែខាងភាគីវៀតណាមនៅពុំទាន់មានចម្លើយមកខាងកម្ពុជាទេរហូតមកដល់ពេលនេះ។

ប្រភពបានបញ្ជាក់ថា វាជាបញ្ហារបស់ភាគីខាងវៀតណាម ដែលគេមិនអនុញ្ញាតឲ្យក្រុមអាជីវករគេ ចូលមកទិញស្រូវពីកម្ពុជា តាមច្រកមួយនេះ មិនមែនខាងកម្ពុជា ជាអ្នកហាមឃាត់នោះទេ។

លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះដែរថាលោកបានទទួលបានព័ត៌មាននេះ​ ដោយលោកបញ្ជាក់ថាមិនមែនខាងខ្មែរ ជាអ្នកបិទនោះទេ គឺខាងភាគីវៀតណាមជាបិទ។

លោកថាកន្លងមកគឺខាងអភិបាលខេត្តស្វាយរៀង និងមន្ត្រីស្ថាប័នពាក់ព័ន្ធបានទៅប្រជុំនៅវៀតណាម ហើយពាក់ព័ន្ធករណីនេះសម្រាប់ព័ត៌មានបន្ថែម អាចសួរទៅខាងសាលាខេត្តស្វាយរៀង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
258 នាក់
ម្សិលមិញ :
670 នាក់
សប្តាហ៍នេះ :
4909 នាក់
ខែនេះ :
19304 នាក់
3 ខែនេះ :
54186 នាក់
សរុប :
2634026 នាក់