ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ច្រករបៀង ព្រៃចាន់ ហៅ ច្រករបៀង តំបន់ ៥ នៅមានសកម្មភាព ដឹកទំនិញ ចេញ-ចូល ដដែលខណៈ ច្រករបៀងនានា កំពុងបិទ
Mon,13 May 2024 (Time 09:37 AM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 455នាក់)


ខេត្តបន្ទាយមានជ័យ ÷ តាមប្រភពពី កងកម្លាំងយោធា ដែលឈរជើង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានអោយសារព័ត៌មាន យើង ដឹងថា មួយរយៈថ្មីៗនេះ ថ្នាក់លើ កាន់តែរឹតបន្តឹងលើសដើម ដោយបានចេញបទបញ្ជា អោយកងកម្លាំងគ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ដែលឈរ ជើង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបិទច្រករបៀងអោយអស់ មិនអោយមានសកម្មភាព ឃុបឃិតគ្នាជាមួយឈ្មួញ ដឹកទំនិញចេញ-ចូលដោយខុសច្បាប់ ឬ ធ្វើសកម្មផ្សេងៗ តាមច្រកឬភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង ឡើយ។ នេះបើយោងតាមប្រភពពីមន្រ្តីយោធា ដែលឈរជើង តាមបន្ទាត់ព្រំដែនកម្ពុជា - ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ។

ទន្ទឹមនឹងនេះ នៅរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មាន យើង បានធ្វើដំណើរ ទៅដល់ ច្រករបៀង តំបន់ ៥ ឋិតនៅក្នុងភូមិ ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមការគ្រប់គ្រងរបស់យោធា នៃទីបញ្ជាការដ្ឋានកងការពារព្រំដែនលេខ៥០៣ បែរជាសង្កេតឃើញថា មានរថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ១គ្រឿង (មន្ត្រីយោធាប្រាប់ថា ដឹកពងទាកូន) កំពុងបោះពួយ យ៉ាង លឿន ឆ្លងកាត់ មុខច្រកមួយនេះ( គោលដៅចូលដីថៃ មិនមានការទប់ស្កាត់ឡើយ) ដោយរថយន្តមួយនេះ បើកហួសប្រមាណពីច្រករបៀងតំបន់៥ បានប្រហែល ៥០ម៉ែត្រ រួចបត់ឆ្វេង ដៃចូលទៅ ព្រៃមួយកន្លែង ដោយសង្ស័យថា ជាកន្លែងស្តុបទំនិញ ឬ កន្លែងសាងទំនិញ ។

លុះសារព័ត៌មានយើង បានអង្គុយចាំមើលនៅមុខច្រករបៀងមួយនេះ នាថៃ្ងដដែល បានប្រហែល១០ ទៅ ២០នាទី ស្រាប់តែមានរថយន្តមួយគ្រឿងផ្សេងទៀត ដែលដឹកទំនិញបានបើកចេញក្បាលឡានពីព្រៃបន្តិច (បម្រុងចូលកម្ពុជា) ត្រូវបានដាក់លេខថយក្រោយវិញយ៉ាងលឿន ដូច្នេះសារព័ត៌មានយើងមិនដឹងថា រថយន្តនេះដឹកទំនិញអ្វីអោយពិតប្រាកដនោះទេ។

សូមរំលឹកថា កាលពីកន្លងទៅថ្មីៗ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានចេញចរាចរណ៍ណែនាំ អោយកងកម្លាំងទូទាំងព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ ទប់ស្កាត់ និង បិទច្រករបៀងអោយអស់ ព្រោះច្រករបៀង គឺជាច្រកខុសច្បាប់ ដែលអាចងាយធ្វើអោយ មានសកម្មភាព ដូចជា ÷

«ពលករឆ្លងដែន ខុសច្បាប់ , ការជួញដូរ អាវុធ អាភៀន គឿងញៀន និង ទំនិញគេចពន្ធ ផងដែរ» ។

ដូច្នេះសូម ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯកឧត្តម សំអូន មេបញ្ជាការយោធភូមិភាគទី៥ ដាក់កម្លាំង ត្រួតពិនិត្យ មើលសកម្មភាព មន្ត្រីយោធា ដែលប្រចាំការនៅច្រករបៀងតំបន់៥ ឋិតក្នុងភូមិ ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នេះផងទាន ! តើហេតុអ្វីបានជា មេប៉ុស្តិ៍ និងកម្លាំងប្រចាំការនៅប៉ុស្តិ៍ មួយនេះ មិនធ្វើការទប់ស្កាត់ ទំនិញខុសច្បាប់ ផ្គើននិងច្បាប់ ផ្គើននិងបទបញ្ជារ ថ្នាក់លើ គប់គិតគ្នា ជាមួយក្រុមឈ្មួញនាំទំនិញ គេចពន្ធ ចេញ-ចូលកម្ពុជា បែបនេះ?

សូមបញ្ជាក់ថា អង្គភាពសារព័ត៌មាន យើង តែងតែ ធ្វើការផ្សព្វផ្សាយ ប្រកបដោយក្រមសីលធម៌ និង វិជ្ជាជីវៈអ្នកសារព័ត៌មាន ដោយគោរពតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ។ ហើយការផ្សព្វផ្សាយនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង គ្រប់ទិដ្ឋភាព ឬជាព្រាបសារពីរាជរដ្ឋាភិបាល ទៅកាន់ ប្រជាពលរដ្ឋ និង នាំយកពីប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងរិះគន់ក្នុងន័យស្ថាបនា គ្មានចេតនា ជាន់ពន្លិចបុគ្គល ឬ ស្ថាប័ន ណាឡើយ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
433 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4699 នាក់
ខែនេះ :
17639 នាក់
3 ខែនេះ :
65463 នាក់
សរុប :
2738509 នាក់