ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឯកឧត្តម អភិបាលខេត្តព្រៃវែង បន្តចុះពិនិត្យ សត្វល្អិត រុយ និង ដង្កូវមូលស្លឹក ដែលបានស៊ីបំផ្លាញលើ ដំណាំស្រូវ របស់ ប្រជាកសិករ
Tue,09 July 2024 (Time 12:07 PM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង និង ព្រៃវែង (ចំនួនអ្នកអាន: 508នាក់)


ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានបន្តដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ  ចំពោះពពួកសត្វល្អិត ដែលមាន រុយ ស និងដង្កូវមូលស្លឹក ដែលបានស៊ីបំភ្លេចបំផ្លាញលើដំណាំស្រូវរបស់ប្រជាកសិករ ដែលការអញ្ជើញចុះពិនិត្យនេះ គឺនៅក្នុង ភូមិគោកសណ្ដែក ឃុំរក្សជ័យ ភូមិទីតាង៉ើយ ឃុំរោងដំរី និងភូមិអង្កាល់ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្នុងឱកាសនៃការអញ្ជើញចូលពិនិត្យនោះ ឯកឧត្តម អភិបាលខេត្ត ក៏សូមចូលរួមសោកស្ដាយជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ ចំពោះបញ្ហាពពួកសត្វល្អិត មាន រុយ ស និងដង្កូវមូលស្លឹក ដែលកំពុងតែបានស៊ីបំភ្លេចបំផ្លាញស្រូវរបស់ប្រជាកសិករនេះ។ ដែលទាំងអស់នេះគឺជាការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផ្ទាល់ដែលកំពុងតែទទួលរងនូវ ការប៉ះពាល់ដោយសារ រុយ ស និងដង្កូវមូលស្លឹកនេះ។

បើយោងតាមរបាយការណ៍របស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤នេះ លើការងារបង្កបង្កើនផលស្រូវរដូវវស្សា អនុវត្តបានលើផ្ទៃដីសរុប មានចំនួន២២៥.៧៤៧ហិកតា ស្មើនឹង៩០,៣០%នៃផែនការ ២៥០.០០០ហិកតា ហើយនៅក្នុងរយៈពេល កន្លងមកដល់បច្ចុប្បន្ននេះមានការផ្ទុះឡើងពីពពួកសត្វល្អិត រុយ ស និងដង្កូវមូរស្លឹក បានស៊ីបំផ្លាញលើដំណាំស្រូវ របស់កសិករនៅ ក្រុង/ស្រុក ចំនួន១១ ឃុំ/សង្កាត់ ស៊ី បំផ្លាញលើផ្ទៃដីសរុបចំនួន ៣៥.៣៤២ ហិកតា ស្មើនឹង១៥,៦៦% ក្នុងនោះខូចសរុប២.២៧១ហិកតា ស្មើនឹង១,០១%។ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំខេត្ត អង្គភាពជំនាញអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមជាមួយអ្នកពាក់ព័ន្ធនានា បានចុះជួយអន្តរាគមន៍ ដោយបានធ្វើការណែនាំដល់កសិករអំពីវិធានការនានាក្នុងការទប់ស្កាត់ និងកំចាត់ សត្វល្អិតរុយស/ដង្កូវមូរស្លឹក ដែលបានស៊ីបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ និងបានអន្តរាគមន៍បាញ់ថ្នាំ ដោយប្រើឧបករណ៍ជ្រួន និងម៉ាស៊ីនបាញ់ថ្នាំទៅលើស្រែកសិករបានសរុបចំនួន១១.៥៨៨ហិកតា ស្មើនឹង ៣២,៧៩% នៃផ្ទៃដីប៉ះពាល់សរុប នៅតាមបណ្តាក្រុង/ស្រុកក្នុងខេត្តព្រៃវែង។

នៅចំពោះមុខនេះ រដ្ឋបាលខេត្តព្រៃវែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តតាមដាននូវការបំផ្លាញ និងចុះធ្វើអន្តរាគមន៍វិធានការនានាក្នុងការ កំចាត់ រុយ ស និងដង្កូវមូរស្លឹកទៅដល់ដំណាំស្រូវរបស់កសិករជាបន្តទៀត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
744 នាក់
ម្សិលមិញ :
382 នាក់
សប្តាហ៍នេះ :
3680 នាក់
ខែនេះ :
19037 នាក់
3 ខែនេះ :
55652 នាក់
សរុប :
2651294 នាក់