ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ដំណឹងល្អ..! សាលាដ៏ធំលំដាប់ទីបួននៅចក្រភពអង់គ្លេសឈ្មោះ BROMSGROVE SCHOOL នឹងបើកសាខាទីប្រាំមួយរបស់ខ្លួន នៅរាជធានីភ្នំពេញ
Wed,25 September 2024 (Time 09:44 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 191នាក់)


កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ មានព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងវិស័យអប់រំ គឺការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)មួយ បានប្រារព្ធឡើង រវាងសាលាធំលំដាប់ទីបួននៃចក្រភពអង់គ្លេស គឺសាលាBromsgrove ដែលបានបង្កើតឡើងតាំងពីឆ្នាំ1553 និងដៃគូកម្ពុជា ក្នុងការបើកសាខាសាលាចក្រភពអង់គ្លេសថ្មីមួយបន្ថែម នៅរាជធានីភ្នំពេញ ។

សាលាអន្តរជាតិ Bromsgrove International School Cambodia (BISC) គ្រោងនឹងបើកទ្វារនៅឆ្នាំសិក្សា ២០២៥-២០២៦ ខាងមុខនេះ។ សាលានឹងក្លាយជាស្ថាប័នដ៏ទំនើប ពោរពេញទៅដោយបរិស្ថានធម្មជាតិពណ៌បៃតង ជាមួយនឹងសួនកុមារធំទូលាយ ទីលានកីឡា អាងហែលទឹក សាលមហោស្រព និងសម្ភារៈបរិក្ខារយ៉ាងពេញលេញ។ សាលានឹងផ្តល់ការអប់រំលំដាប់ពិភពលោក ដល់សិស្សចាប់ពីថ្នាក់មត្តេយ្យ -រហូតដល់ថ្នាក់ទី១២ កម្រិត IB និងកម្រិត A-Level។ អ្វីដែលធ្វើឱ្យ BISC នឹងក្លាយជាសាលាអន្តរជាតិដ៏ល្អបំផុតមួយនៅកម្ពុជានោះ គឺក្រុមគណៈគ្រប់គ្រងសាលា និងគ្រូបង្រៀនមកពីចក្រភពអង់គ្លេស នឹងមកដំណើរការសាលាដោយផ្ទាល់ ដើម្បីធានាថាកម្មវិធីសិក្សា គ្រូបង្រៀន និងក្រុមការងារទាំងអស់ ត្រូវតែរៀបចំអោយសមស្របទៅនឹងស្តង់ដារអន្តរជាតិពិតប្រាកដ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីលោកឧកញ៉ាបណ្ឌិត កែវ សម្បត្តិ និងលោកបណ្ឌិត សុខ វិចិត្រ តំណាងក្រុមកម្ពុជា និងលោកស្រី Rachel Scannell តំណាងសាលា Bromsgrove School UK។

លោកស្រី Rachel Scannell មានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយក្នុងការពង្រីកវិសាលភាពរបស់យើងនៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាសាខាទីប្រាំមួយរបស់យើងផងដែរ បន្ទាប់ពីយើងមានពីរសាខានៅចក្រភពអង់គ្លេស ពីរសាខា Bromsgrove International School Thailand នៅទីក្រុងបាងកក ប្រទេសថៃ និងមួយសាខា Bromsgrove Mission Hills នៅក្នុងទីក្រុង Shenzhen ប្រទេសចិន។ ការព្រមព្រៀងនេះ នឹងនាំមកនូវប្រវត្តិសាស្រ្តដ៏សម្បូរបែបមួយ ដែលជាឧត្តមភាពផ្នែកអប់រំទៅកាន់ប្រទេសដែលកំពុងរស់រវើកមួយនេះ"។ តំណាងសាលា Bromsgrove UK ក៏បានបន្ថែមទៀតថា "យើងជឿជាក់ថា BISC នឹងផ្តល់នូវបទពិសោធន៍អប់រំដ៏ពិសេស និងសម្បូរបែប សម្រាប់សិស្សានុសិស្ស ជាពិសេសគឺការជួយរៀបចំពួកគេដើម្បីភាពជោគជ័យនៅក្នុងពិភពសកលភាវូបនីយកម្មកាន់តែខ្លាំងឡើង"។

លោកឧកញ៉ាបណ្ឌិត កែវ សម្បត្តិ បានថ្លែងអំណរគុណចំពោះសាលា Bromsgrove UK ដែលបានជ្រើសរើសប្រទេសកម្ពុជាជាប្រទេសដៃគូ "ភាពជាដៃគូនេះ គឺជាសក្ខីភាពនៃមិត្តភាពដ៏រឹងមាំរវាងប្រជាជាតិយើងទាំងពីរ។ យើងមានទំនុកចិត្តថា BISC នឹងក្លាយជាស្ថាប័នអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូនសិស្សានុសិស្ស នូវការអប់រំលំដាប់ពិភពលោក ដែលអាចជួយឱ្យពួកគេត្រៀមខ្លួបរួចជាស្រេចសម្រាប់បញ្ហាប្រឈមនៃសតវត្សរ៍ទី 21"។

លោកបណ្ឌិត សុខ វិចិត្រ បានបន្ថែមថា "យើងប្តេជ្ញាផ្តល់នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់ថែរក្សា ដែលជួយបណ្តុះ និងជំរុញភាពឆ្លាតវៃ ភាពច្នៃប្រឌិត ការគិតត្រិះរិះពិចារណា និងជាពិសេសគឺជំនាញដោះស្រាយបញ្ហាដល់សិស្សានុសិស្សគ្រប់គ្នា។ យើងជឿជាក់ថា BISC នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំអនាគតនៃវិស័យអប់រំនៅកម្ពុជាអោយឈានដល់កម្រិតស្តង់ដារពិភពលោក"។

ការចុះ ហត្ថលេខាលើ អនុស្សរណៈ យោគ យល់ គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ BISC ដែលគ្រោងនឹងក្លាយទៅជាសាលាអន្តរជាតិឈានមុខគេនៅកម្ពុជា។ ដោយផ្តោតលើឧត្តមភាពសិក្សា បរិស្ថានធម្មជាតិ និងស្តង់ដារអន្តរជាតិ BISC ត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញពីសក្តានុភាព និងឥទ្ធិពលវិជ្ជមានលើវិស័យអប់រំនៅកម្ពុជា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
374 នាក់
ម្សិលមិញ :
436 នាក់
សប្តាហ៍នេះ :
3560 នាក់
ខែនេះ :
21361 នាក់
3 ខែនេះ :
57535 នាក់
សរុប :
2646430 នាក់